ផ្ទះ ​ប្រជាពលរដ្ឋ​រាប់​សិប​​ខ្នង​ដែល​ស្ថិត​ក្នុង​ និង​ក្បែរ​ផ្សារ​តូច​ទួល​សង្កែ​ត្រូវ​អគ្គីភ័យ​បំផ្លាញ​​ស្ទើរ​ទាំងស្រុង កាលពី​វេលា​ម៉ោង ២ និង ៣០​នាទី រសៀល​ថ្ងៃ ទី​២៣ ខែកក្កដា ឆ្នាំ​២០១២ ស្ថិត​តាម ផ្សារ​ទួល​សង្កែ ខាងជើង​ស្តា​ត​ចាស់ ផ្លូវ​លេខ​៩០០ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ ឫស្សីកែវ​ ។
រថយន្ត ​ពន្លត់​អគ្គីភ័យ មាន​ឡាន​របស់​ប៉ូលិស​ក្រុង រថយន្ត​របស់ ង​៧០ រថយន្ត​របស់​កងរាជអាវុធហត្ថ រថយន្ត​របស់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ស្នងការ​ខេត្ត​កណ្ដាល រថយន្ត​ពន្លត់​អគ្គីភ័យ​ក្រុមហ៊ុន​សូគីមិច​បាន​ដុត​ដៃ​ដុត​ជើង​ជួយ​ពន្លត់​ សរុបប្រមាណ២៣គ្រឿង​ដែល​រថយន្តមួយគ្រឿងចេញទៅយកទឹកពី៣ ទៅ ៤ ជើង។
ចំពោះ ​ការ​ខូច​ខាត និង​មូល​ហេតុ​ដែល​បណ្ដាល​​អោយ​មាន​​ការ​​ឆាប​ឆេះ​ខាង​លើ​អាជ្ញាធរ​មិន​ទាន់​ វាយ​តម្លៃ​អំពី​ទំហំ​នៃ​ការខូចខាត និង​ចំនួន​មនុស្ស​របួស ឬ​ស្លាប់​​​នៅ​ឡើយ​ទេ។
ដោយ៖ លន ហ្សាឌីណា